ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក បានរៀបចំសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ក្រុមហ៊ុន ហ្វតតេ

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ នៅការិយាល័យ ហ្វតតេ អគារ One Park Tower។
សិក្ខាសាលានេះបានផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹងដ៏មានតម្លៃអំពី មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលរួមមានលក្ខណៈសំខាន់របស់មូលនិធិ យុទ្ធសាស្ត្រវិនិយោគ និងឱកាសវិនិយោគតាមរយៈមូលនិធិដែលគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលមានវិជ្ជាជីវៈ និងទទួលបានការអនុញ្ញាត ព្រមទាំងស្ថិតក្រោមការគ្រប់គ្រងរបស់ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
ក្នុងកម្មវិធីសិក្ខាសាលានេះ លោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានធ្វើបទបង្ហាញក្រោមប្រធានបទ “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)” ដោយចែករំលែកចំណេះដឹងអំពីឱកាសវិនិយោគ និងអត្ថប្រយោជន៍នៃ BAEF ដែលជាផ្នែកមួយនៃការរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា។
សិក្ខាសាលានេះជាជំហានសំខាន់មួយបន្ថែមទៀតក្រោម កិច្ចសហការយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកវិនិយោគ ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងបង្កើតឱកាសសម្រាប់ការរីកចម្រើននៃកិច្ចសហការអាជីវកម្មនាពេលអនាគត។















