លោក Eric Loo នាយកប្រតិបត្តិនៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ស្តីពីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន(ខេមបូឌា) ម.ក តំណាងដោយលោក Eric Loo នាយកប្រតិបត្តិ រួមជាមួយ ក្រុមហ៊ុន Lion Trust Group បានជួបប្រជុំជាមួយនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ហើយបានផ្តោតលើការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សាយុទ្ធសាស្ត្រនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័ននិយ័តករ និងថ្នាក់ដឹកនាំក្នុងវិស័យឯកជន ក្នុងការជំរុញកំណើន នវានុវត្តន៍ និងការកសាងទំនុកចិត្តប្រកបដោយចីរភាពសម្រាប់ប្រព័ន្ធអេកូហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានបទសំខាន់មួយនៃកិច្ចប្រជុំនេះ គឺការផ្តោតជាយុទ្ធសាស្ត្ររបស់ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) លើការពង្រីករចនាសម្ព័ន្ធបរធនបាលកិច្ច (Trust Structures) ជាពិសេស បរធនបាលកិច្ចគ្រួសារ (Family Trusts) ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការការពារទ្រព្យសម្បត្តិ និងការផ្ទេរទ្រព្យសម្បត្តិពីជំនាន់មួយទៅជំនាន់មួយ។ សម្រាប់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដូចជា ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន(ខេមបូឌា) ម.ក ក្របខណ្ឌទាំងនេះគឺជាយន្តការដ៏សំខាន់មួយក្នុងការជួយបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់និងអាជីវកម្មមួយចំនួន អាចការពារនិងរក្សាស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់ខ្លួនបាន ខណៈដែលធានាបាននូវការរៀបចំផែនការសន្តតិកម្មប្រកបដោយភាពរលូន ដែលកំពុងក្លាយជាអាទិភាពកាន់តែសំខាន់នៅក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាដែលកំពុងមានការវិវត្តឥតឈប់ឈរ។
កិច្ចសន្ទនានេះមានសង្គតិភាពនិងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងបេសកកម្មក្នុងការអភិវឌ្ឍទីផ្សាររបស់និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលកំពុងអនុវត្តជាបន្តបន្ទាប់ ដូចជាសិក្ខាសាលាស្ដីពី “បរធនបាលកិច្ចគ្រួសារ៖ផែនការតជំនាន់” ដែលបានរៀបចំឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខា ភ្នំពេញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយសហការជាមួយ Phillip Trustee (Cambodia) និង Phillip Capital (Singapore) ដោយបានផ្តល់នូវចំណេះដឹងស៊ីជម្រៅអំពីឧត្តមបទពិសោធន៍នៅក្នុងតំបន់ ព្រមទាំងយុទ្ធសាស្ត្រដែលត្រូវបានរៀបចំឱ្យសមស្របទៅនឹងបរិបទទីផ្សារកម្ពុជា ដើម្បីឱ្យស្ថាប័ន និងក្រុមហ៊ុននានាអាចយកទៅអនុវត្ត និងទាញយកអត្ថប្រយោជន៍ក្នុងទីផ្សារក្នុងស្រុកបានប្រកបដោយប្រសិទ្ធភាព។
ដោយឆ្លុះបញ្ចាំងពីបរិបទដ៏សកម្មនេះ ការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ជាមួយ ន.ប.ធ. បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកកសាងវិស័យបរធនបាលកិច្ចនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក ទំនើប និងមានការចូលរួមយ៉ាងទូលំទូលាយ។ តាមរយៈការរក្សាទំនាក់ទំនងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននិយ័តករ ក្រុមហ៊ុនមានគោលបំណងអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ដែលអាចឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការក្នុងការការពារនិងថែរក្សាទ្រព្យសម្បត្តិរយៈពេលវែងរបស់សមាជិកគ្រួសារក្នុងស្រុក ក៏ដូចជាបណ្តាវិនិយោគិនជានីតិបុគ្គល។
សន្ទុះនៃកិច្ចសហប្រតិបត្តិការនេះ បានបន្តពង្រឹងលើមូលដ្ឋាននៃការចូលរួមអនុលោមតាមបទប្បញ្ញត្តិ រួមទាំងកិច្ចពិភាក្សាកាលពីពេលកន្លងមក រវាង ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. តំណាងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Lion Trust (Singapore) Limited។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្នុងការជំរុញយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការប្រើប្រាស់សេវាបរធនបាលកិច្ចទាំងនេះ កិច្ចសហការជាបន្តបន្ទាប់ជាមួយស្ថាប័នឯកទេសដូចជា ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ត្រូវបានរំពឹងថានឹងមានសក្តានុពលខ្ពស់ក្នុងការលើកកម្ពស់កម្រិតវិជ្ជាជីវៈ ទំនើបកម្ម និងភាពស៊ីជម្រៅនៃវិស័យហិរញ្ញវត្ថុកម្ពុជាទាំងមូល ដោយជួយបង្កើតបរិយាកាសវិនិយោគនិងការគ្រប់គ្រងទ្រព្យសម្បត្តិកាន់តែមានប្រសិទ្ធភាព និងស្របតាមស្តង់ដារអន្តរជាតិ។













