សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ”

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” រៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងក្រោមកិច្ចសហការជាមួយ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ បានធ្វើបទបង្ហាញស្ដីពី “ការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន អំឡុងពេលសិក្សានិងក្រោយបញ្ចប់ការសិក្សា” ដើម្បីបង្ហាញជូននិស្សិតនៃសាកលវិទ្យាល័យអំពីវិធីគ្រប់គ្រង និងរៀបចំផែនការសន្សំហិរញ្ញវត្ថុរយៈពេលវែងឱ្យមានប្រសិទ្ធភាព។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញវត្ថុចំពោះនិស្សិតនៃសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តបង្កើតទម្លាប់សន្សំប្រកបដោយប្រសិទ្ធភាព និងអនុវត្តការវិនិយោគប្រកបដោយភាពឆ្លាតវៃ និងរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងឱ្យមានស្ថិរភាព។







