កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ (វគ្គទី២)
នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ក្រោមប្រធានបទ ស្តីពី “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
កិច្ចប្រជុំកំពូលនេះ ត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន–កម្ពុជា និងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមធុរកិច្ចនានានៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកជំនាញផ្នែកគោលនយោបាយ អ្នកដឹកនាំវិស័យធុរកិច្ច និងអ្នកជំនាញទស្សនវិជ្ជាពីបណ្ដាប្រទេសអាស៊ាន ដែលមកពីបណ្ដាវិស័យនិងឧស្សាហកម្មជាច្រើន។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបន្តលើកទឹកចិត្តវិនិយោគិនបរទេសឱ្យស្វែងយល់ និងសិក្សាឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នាឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដោយមានវត្តមាន លោក Eric Loo នាយកប្រតិបត្តិ រួមជាមួយលោក ម៉ុក ជិនលី ប្រធានផ្នែកច្បាប់និងអនុលោមភាព និងលោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព។ ក្រុមការងាររបស់ក្រុមហ៊ុនបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អ្នកជំនាញផ្នែកគោលនយោបាយ និងថ្នាក់ដឹកនាំសំខាន់ៗក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរយោបល់ និងការយល់ដឹងអំពី សមាហរណកម្មក្នុងតំបន់ កំណើនដែលជំរុញដោយនវានុវត្តន៍ និងទិដ្ឋភាពវិនិយោគដែលកំពុងវិវត្តរបស់អាស៊ាន។














