ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក

នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក បានចុះហត្ថលេខាជាផ្លូវការលើ “កិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ” ដែលជាជំហានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនប្រកបដោយចីរភាព ថាមពលស្អាត និងការផ្តល់ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍សម្រាប់វិស័យកសិកម្មនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរួមមាន លោក He Dong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកតំណាង នៃក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក, លោក Eric Loo នាយកប្រតិបត្តិ និងជាអភិបាលប្រតិបត្តិ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក Zhao Wenbo អគ្គនាយកប្រតិបត្តិប្រចាំតំបន់ នៃក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក និងលោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក។
កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការគាំទ្រកសិករក្នុងស្រុក តាមរយៈមូលនិធិកសិកម្ម អ៊ីនសួរ៉េន ហ្វាន់ និងពន្លឿនដំណើរផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកអនាគតបៃតង និងចីរភាព។
តាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ ស្ថាប័នទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងដំណោះស្រាយហិរញ្ញវត្ថុ ពង្រីកឱកាសវិនិយោគ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។
- SERC















